កំហុសឆ្គងកើតឡើង ទោះជាតូចតាច មិនថាការងារ ឬរឿងផ្សេងក្តី គឺតែងបង្កើតភាពស្មុគស្មាញដល់ខ្លួន និងមិត្តរួមក្រុម ។ អ្នកធ្វើការមិនតិចនាក់ទេដែលជួបភាពតានតឹងនៅពេលត្រូវដោះស្រាយបញ្ហា ឬបរាជ័យក្នុងការងារ។ មនុស្សខ្លះទទួលយកកំហុសទាំងអស់ តែវាមិនមែនជាវិធីដោះស្រាយបញ្ហាល្អបំផុតទេ ព្រោះវាមានផ្លូវដោះស្រាយ មិនមែនដាក់សម្ពាធមកលើខ្លួនឡើយ ។ ការរកផ្លូវចេញសមស្របបំផុតខុសៗគ្នា គឺជាចម្លើយរបស់បញ្ហា ។
ការពិត គ្មាននរណាម្នាក់ចង់ឱ្យកំហុសឆ្គងស្ថិតនៅជាមួយខ្លួនយូរទេ ។ នៅពេលអ្នកមានអារម្មណ៍ថា កំពុងតឹងខួរក្បាលជាមួយការងារ កុំភ្លេចផ្តល់កម្លាំងចិត្តដល់ខ្លួនឯង ហើយយើងនឹងដឹងថា កំហុសឆ្គងដែលកើតឡើង វាមិនមែនជារឿងធំទេ តែជាមេរៀនមួយដែលនឹងជួយយើងអាចរៀនសូត្រ និងលូតលាស់ជាបណ្តើរៗ ។
១-យើងធ្វើល្អបំផុតហើយ ៖ នៅពេលយើងមានអារម្មណ៍ខកចិត្ត កុំរវល់តែបន្ទោសខ្លួនឯង ព្រោះយើងបានធ្វើល្អបំផុតហើយ តែបញ្ហាវាធំលើសពីអ្វីដែលអាចដោះស្រាយតែម្នាក់ឯងបាន ។ ចូរមានទំនុកចិត្តថា គ្មាននរណាម្នាក់ធ្វើបានល្អជាងយើងឡើយ និងកុំឱ្យវាមកបំផ្លាញទំនុកចិត្តនេះ ។
២-វាជាមេរៀនដ៏ពិសេស ៖ កំហុសឆ្គងមិនបាននាំមកនូវភាពខុសបំណងជានិច្ចទេ ព្រោះពេលខ្លះ បញ្ហាជាមេរៀនដ៏ពិសេសមួយ ។ វាបង្រៀនឱ្យយើងស្គាល់ថា អ្វីខុស និងរឿងណាមិនគួរធ្វើ ។ ចាំទុកថា បើយើងមិនធ្លាប់ធ្វើខុសមកពីមុនទេ យើងនឹងមិនដឹងថា អ្វីត្រឹមត្រូវ និងអាចធ្វើបានឡើយ ។ ដូច្នេះ គួរចងចាំពីកំហុសឆ្គងនោះទុកជាមេរៀន ដើម្បីអាចធ្វើការបានល្អលើសដើមថែមទៀត ។
៣-បញ្ហាប្រឈមធ្វើឱ្យយើងរឹងមាំ ៖ យើងអាចធ្លាប់ឮពាក្យថា “What doesn’t kill you, makes you stronger” ។ បញ្ហាកើតឡើងអាចធ្វើឱ្យយើងមានអារម្មណ៍ស្រងាកចិត្ត និងអស់សង្ឃឹម តែយើងនឹងគ្មានថ្ងៃមានអារម្មណ៍បែបនេះជាលើកទី២ទេ ព្រោះធ្លាប់រៀនសូត្រពីវិធីដោះស្រាយបញ្ហារួចមកហើយ។ យើងអាចរៀនសូត្រថា បញ្ហានីមួយៗគឺជាអ្វី ហើយត្រូវដោះស្រាយដូចម្តេចនៅពេលវាកើតឡើង និងមិនបានធ្វើឱ្យយើងធ្ងន់ធ្ងររហូតរកផ្លូវចេញមិនបានឡើយ យើងនឹងពូកែ ព្រមទាំងរឹងមាំយ៉ាងពិតប្រាកដ ។
៤-គ្រប់បញ្ហានឹងមានផ្លូវដោះស្រាយ ៖ អ្នកអាចដាស់តឿនសតិជានិច្ចថា បញ្ហាទាំងអស់នឹងមានផ្លូវដោះស្រាយ ។ គ្មានបញ្ហាណាមួយមិនអាចដោះស្រាយបាន ឬគ្មាននរណាម្នាក់នឹងដោះស្រាយវាមិនបានទេ តែការដោះស្រាយនោះអាចនឹងមិនបានឆាប់រហ័សភ្លាមៗ គឺអាស្រ័យលើពេលវេលាផងដែរ ។ ពេលខ្លះ រឿងល្អបំផុតនឹងមកដល់ក្នុងពេលវេលាសមស្រប និងមិនអាចកើតឡើងលឿនតាមការគិតទេ តែយើងអាចរកផ្លូវចេញឱ្យខ្លួនឯងយ៉ាងពិតប្រាកដ យឺតខ្លះ លឿនខ្លះ គឺអាស្រ័យលើភាពលំបាក ឬងាយរបស់បញ្ហានោះ ។
៥-អ្នកណាៗក៏ជួបបញ្ហាដែរ ៖ អ្នកត្រូវមានទំនុកចិត្តថា អ្នកមិនមែនជាមនុស្សតែម្នាក់ក្នុងលោកនេះ ដែលត្រូវប្រឈមមុខនឹងបញ្ហាទេ មានមនុស្សជាច្រើនទៀត ក៏ប្រឈមនឹងបញ្ហាដូចគ្នាដែរ ។ បញ្ហារបស់យើងអាចមិនធំបំផុត បើយើងសាកល្បងជជែកជាមួយអ្នកដទៃខ្លះ គឺនឹងមានអារម្មណ៍ថា វាជារឿងតូចក៏ថាបាន ។
យើងគួរតែអរគុណដល់បញ្ហាដែលបានកើត ឡើង ព្រោះវាធ្វើឱ្យយើងមើលឃើញនូវរឿងរ៉ាវផ្សេងៗ មិនថាការងារ វិធីដោះស្រាយ ឬសូម្បីតែមនុស្សដែលយើងទុកចិត្ត និងធ្លាប់ជួយយើងនៅពេលជួបបញ្ហា ។ ម្យ៉ាងទៀត មិនត្រូវធ្វើវាឱ្យកាន់តែអាក្រក់ទេ គឺត្រូវផ្តល់កម្លាំងចិត្តដល់ខ្លួនឯងឱ្យបានច្រើនបំផុត ។ បើយើងមិនអាចផ្តល់កម្លាំងចិត្តដល់ខ្លួនឯងទេ ក៏គង់គ្មាននរណាម្នាក់នៅលើលោកនេះ អាចធ្វើបានឡើយ ៕
អត្ថបទដោយ ៖ កោះសន្តិភាព
កែសម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ
ការរង់ចាំវាពិតជាយូរណាស់សម្រាប់អ្នកចាំ មិនថា មួយឆ្នាំ មួយខែ មួយថ្ងៃ មួយម៉ោង មួយនាទី ឬ ក៏មួយវិនាទីក៏ដោយ