ខេត្តកំពង់ឆ្នាំង ៖ ពីអតីតអ្នកធ្វើការនៅក្រុមហ៊ុនមួយបានសម្រេចចិត្តឈប់ពីការងារ ហើយបានងាកមកបើក កសិដ្ឋានចិញ្ជឹមមាន់យកពងដោយខ្លួនឯងរហូតទទួលបានជោគជ័យ ដោយសារតែមានជំនាញស្រាប់ គួបផ្សំមានការណែនាំបណ្តុះបណ្តាលបន្ថែមពីមន្ត្រីពេទ្យសត្វបន្ថែមទៀត ។ ទោះជាយ៉ាងនេះក្តីម្ចាស់កសិដ្ឋានរូបនេះនៅមិនទាន់ហ៊ានអះអាងថា ជាជោគជ័យនោះឡើយ ព្រោះការចិញ្ចឹមមាន់ដូចគាត់នៅមានហានិភ័យខ្ពស់ ។
លោក សី មករា អាយុ ៣៧ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង នៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានឱ្យដឹងថា ៖ លោកបានចាប់ផ្តើមចិញ្ចឹមមាន់យកពងនេះរយៈពេលជាង ២ឆ្នាំមកហើយ គឺក្នុងកំឡុងឆ្នាំ ២០១៧ ដោយកាលណោះមានមេមាន់ត្រឹមតែ ២ពាន់ក្បាលប៉ុណ្ណោះ ។ បច្ចុប្បន្នលោកបានពង្រីកការចិញ្ចឹមមេមាន់រហូតដល់ទៅ ៧ពាន់ក្បាល ដែលអាចទទួលបានពងមាន់ ក្នុងមួយថ្ងៃចំនួន ៧ពាន់គ្រាប់ ។
បច្ចុប្បន្នដោយសារតែមេមាន់មួយចំនួនចាប់ផ្តើមជម្រុះស្លាប ផ្អាកពង ទើបក្នុងមួយថ្ងៃទទួលបានពងតែជាង ៥ពាន់គ្រាប់ប៉ុណ្ណោះ ។ ចំណែកតម្លៃទីផ្សារបោះដុំវិញ គឺក្នុង ១គ្រាប់លក់បានតម្លៃពី ៣៣០រៀល ទៅ៣៥០រៀល ។
លោក សី មករា បានបញ្ជាក់ទៀតថា មូលហេតុដែលនាំឱ្យមុខរបរបានរីកចម្រើនបែបនេះមានកត្តា ២យ៉ាងសំខាន់ដែលទី ១ ធ្លាប់ធ្វើការនៅក្រុមហ៊ុនមួយ លុះពេលឈប់ពីក្រុមហ៊ុននោះក៏បានយកចំណេះដឹងដែលបានចេះខ្លះមកបើកកសិដ្ឋានចិញ្ជឹមមាន់ដោយខ្លួនឯង និងកត្តាទី ២ គឺបានទទួលការណែនាំ និងបណ្តុះបណ្តាលបន្ថែមពីមន្ត្រីជំនាញពេទ្យសត្វផងនោះទើបធ្វើឱ្យមុខរបររបស់មានការរីកចម្រើនបែបនេះ ។ លោកក៏បានសំណូមពរដល់មន្ត្រីជំនាញឱ្យជួយទប់ស្កាត់ការនាំចូលពងមាន់ ពងទា ពីក្រៅប្រទេស ដើម្បីឱ្យតម្លៃទីផ្សារក្នុងស្រុកមានតម្លៃថេរដូចសព្វថ្ងៃនេះ គឺអាចទទួលយកបាន ។
ជាមួយគ្នានេះដែរលោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយបានការណែនាំពីមន្ទីរកសិកម្ម ក៏ដូចជាប្រធានការិយាល័យ បច្ចុប្បន្នមន្ត្រីជំនាញពេទ្យសត្វតែងចុះជាប្រចាំ ដើម្បីជំរុញដល់ប្រជាកសិករឱ្យគាត់ចិញ្ចឹម និងផលិតឱ្យបានច្រើន និងត្រូវចេះជ្រើសរើសពូជ ចេះឱ្យចំណីសត្វបានត្រឹមត្រូវទៅតាមស្តង់ដារ ។
សព្វថ្ងៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងចិញ្ជឹមសត្វ បាននិងកំពុងរិតបន្តឹងការនាំចូលសត្វចូលក្នុងប្រទេស ដែលនេះជាផ្នែកមួយដែលធ្វើឱ្យកសិករចិញ្ចឹមសត្វក្នុងស្រុកទទួលបានជោគជ័យផងដែរ ។ ក្រៅពីនោះមន្ត្រីជំនាញនៅបានចុះអប់រំដល់កសិករចិញ្ចឹមសត្វត្រូវធ្វើអនាម័យសម្អាតទ្រង់រាល់ថ្ងៃ និងការប្រើថ្នាំបាញ់សម្លាប់មេរោគជាប្រចាំ ។
កសិករចិញ្ជឹមសត្វទាំងអស់ មិនថា ចិញ្ចឹមមាន់ ជ្រូក ទា គោ ក្របីនោះទេ នៅពេលមន្ត្រីជំនាញចុះដល់ទីតាំងរបស់ពួកគាត់ម្តងៗ ពួកគាត់សប្បាយចិត្តណាស់ ព្រោះមន្ត្រីជំនាញបានផ្តល់ជាគំនិត ជាបទពិសោធន៍ បច្ចេកទេស ទៅឱ្យពួកគាត់ ហើយពេលពួកគាត់យកទៅអនុវត្តតែងទទួលបានជោគជ័យ ។
តាមការបញ្ជាក់ពីលោក ហ៊ុន លី បានឱ្យដឹងទៀតថា ពូជមាន់ដែលម្ចាស់កសិដ្ឋានយកមកចិញ្ចឹមសម្រាប់យកពងខាងលើ គឺបាននាំចូលពីក្រៅប្រទេស ដែលសំបកពងរបស់វាមានសភាពក្រាស់ ងាយដឹកជញ្ជូនជិតឆ្ងាយមិនងាយបែក ៕
ប្រភពដើម ៖ https://kohsantepheapdaily.com.kh
កែសម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ