ដើម្បីអាចផលិតចំណីសត្វបានដោយខ្លួនឯងឱ្យមានគុណភាព សមរម្យតាមតំរូវការរបស់សត្វ ជាពិសេសគឺទទួលបាននូវតំលៃមួយដែលធូរថ្លៃជាងចំណីលើទីផ្សារបាននោះ អ្នកផលិតត្រូវតែស្វែងយល់ឱ្យបានច្បាស់ពីធាតុផ្សំទាំងឡាយដែលត្រូវយកមកផលិតជាចំណីសត្វ ហើយនឹងសារៈសំខាន់នីមួយៗរបស់ធាតុផ្សំទាំងនោះ។
ចំពោះការផលិតចំណីសត្វ គឺត្រូវបានគេបែងចែកជាបីធំៗ ដែលរួមមាន៖ វត្ថុធាតុដើមដែលផ្តល់ថាមពល ផ្តល់ប្រូតេអ៊ីន និង ផ្តល់ការបំប៉ន់ ឬការលូតលាស់។ ខាងក្រោមនេះជាការបង្ហាញពីធាតុផ្សំដែលត្រូវយកមកផលិត និងសារៈសំខាន់របស់វត្ថុធាតុដើមទាំងនោះ ដែលរួមមានដូចខាងក្រោម៖
- ទីមួយ៖ ប្រូតេអ៊ីន
ចំពោះវត្ថុធាតុដើមដែលផ្តល់នូវប្រូតេអ៊ីនរួមមាន៖ ត្រី ម្សៅត្រី ក្បាលបង្គា សណ្តែកសៀង ម្សៅឈាម កាក សណ្តែកសៀង កន្ទក់សណ្តែកសៀង កន្ទក់សណ្តែកបាយ ម្សៅប្រូតេអ៊ីន អេភី ស្លឹកដំឡូងមី និងពពួកគ្រាប់ធញ្ញជាតិផ្សេងៗទៀត។
ចំពោះតួនាទីវិញ ប្រូតេអ៊ីនមានសារៈសំខាន់ជាងគេបំផុតសំរាប់ការលូតលាស់ ជាពិសេសបង្កើតសាច់ ហើយវាក៏មានតួនាទីផ្សេងទៀតរួមមាន ផ្តល់ថាមពល ថែរក្សាកោសិកា ជួសជុលកោសិកា បង្កើតអង់ទីករ ផលិតអង់ស៊ីម និងអរម៉ូន។
- ទីពីរ៖ ថាមពល
ចំពោះវត្ថុធាតុដើមដែលផ្តល់នូវថាមពលរួមមាន៖ ពោត ស្រូវ អង្ករ ចុងអង្ករ កន្ទក់ មើមដំឡូងមី ដំឡូងជ្វា ជាដើម។
ចំពោះតួនាទីវិញ ថាមពលមានតួនាទីសំរាប់ធ្វើចលនា បង្កើនកំដៅក្នុងខ្លួនសត្វ ធ្វើឱ្យសត្វមានកំលាំង និងមានសុខភាពល្អ ហើយជាទូទៅសត្ចត្រូវការបរិមាណថាមពលច្រើនជាង សារធាតុផ្សេងៗទៀត។
- ទីបី៖សារធាតុបំប៉ន់
ចំពោះវត្ថុធាតុដើមដែលផ្តល់នូវសារធាតុបំប៉ន់ ឬជំនួយការលូតលាស់រួមមាន៖
- សារធាតុរ៉ែ ( កាល់ស្យូម និងផូស្វរចាំបាច់ជាងគេ ) ដែលមាននៅក្នុង សំបកខ្យង ខ្ចៅ សំបកងាវ ម្សៅដេសេបេ និងប្រេមិចជាដើម។ វាមានតួនាទីចាំបាច់ក្នុថការលូតលាស់សរីរាង្គរបស់សត្វដូចជា ឆ្អឹង ធ្មេញ រោម ឈាមជាដើម ហើយបើខ្វះនុវសារធាតុរ៉ែធ្វើឱ្យសត្វកើតជំងឺដូចជា កង្វះជាតិដែក សត្វស្លេកស្លាំង លូតលាស់យឺតជាដើម។
- វីតាមីន ( វិតាមីនអា វីតាមីនសេ វីតាមីនដេ វីតាមីនអឺ ជាដើម ) ដែលមាននៅក្នុងផ្លែឈើ បង្កើតដោយព្រះអាទិត្យ បង្កើតដោយខ្លួនឯងផ្ទាល់ និងពីការសំយោគចេញពីរោងចក្រជាដើម។ វីតាមីនមានតួនាទីការពារជំងឺ បង្កើតអង់ស៊ីម និងជំរុញការលូតលាស់ ហើយបើកង្វះនូវវីតាមីនណាមួយ វានឹងបណ្តាលឱ្យសត្វមានជំងឺ ធំធាត់យឺត សត្វក្រិន។ ឩទាហរណ៍ កង្វះវីតាមីនអា ធ្វើឱ្យសត្វមានជំងឺខ្វាក់ភ្នែក កង្វះវីតាមីនអឺ ប៉ះពាល់ដល់ដំណើរការបន្តពូជ កង្វះវីតាមីនដេ ប៉ះពាល់ដល់ការស្រូបយកកាល់ស្យូម ជាដើម។
- ខ្លាញ់ត្រី ឬប្រេងឆា មានតួនាទីផ្តល់កំដៅ ធ្វើឱ្យស្បែក និងរោមមានពណ៌រលោង ភ្លឺ និងផ្តល់ថាមពលក្នុងខ្លួន សត្វ។ ជាធម្មតាសត្វត្រូវការធាតុខ្លាញ់ប្រមាណ ៣ ភាគរយ នៅក្នុងសមាសធាតុចំណី។ ប្រភពចំណីដែលផ្តល់ជាតិខ្លាញ់ មានដូចជា ប្រេងឆា ខ្លាញ់ត្រី ប្រេងដូង គ្រាប់កៅស៊ូ ជាដើម។
@រស់ ឆាំងគី