ភាពជោគជ័យលើការចិញ្ចឹមសត្វ មិនឲ្យឈឺ មានមួយភាគកើតចេញពីការដឹងច្បាស់ពីអាកាសធាតុ! ហេតុអ្វី បានជានិយាយចឹង?
បងប្អូន អាចក្រឡេកមើលថយក្រោយវិញបាន លើការចិញ្ចឹមសត្វរបស់បងប្អូន ថាតើបញ្ហាសត្វឈឺមួយភាគធំ កើតចេញពីណាខ្លះ?
ជាស្តែងទៅ ការធ្វើវ៉ាក់សាំងការពារជំងឺសត្វ គឺយើងធ្វើឡើងការពារជំងឺបានតែ ៣ ឬ ៤មុខ ដែលយើងបានធ្វើនោះទេ ដោយឡែកបញ្ហាជាច្រើន គឺកើតចេញពីការថែទាំ បូកផ្សំជាមួយបំរែបំរួលអាកាសធាតុ។ ដូច្នេះហើយបាន បងប្អូនអ្នកចិញ្ចឹមសត្វចេះតែមានបញ្ហា ទោះបានធ្វើវ៉ាក់សាំងហើយក៏ដោយ។
ការយល់ដឹងច្បាស់ពីរបបខ្យល់បក់ ទាំងខែប្រាំង ទាំងខែវស្សា នៅតំបន់បងប្អូន ជាពិសេសខ្យល់បក់កាត់ទ្រុង ឬរោងចិញ្ចឹមសត្វ គឺជារឿងចាំបាច់បំផុត ពីព្រោះរបបខ្យល់បក់នេះ បានបង្ហាញពីសំណើម កំដៅ ដែលជាលក្ខខណ្ឌ កំណត់ ឬទាញអោយសត្វមានសុខភាពល្អ ឬមិនល្អបាន។
ហេតុអ្វីបានជាយើងនិយាយថា របបខ្យល់កំណត់លក្ខខណ្ឌសុខភាពសត្វ ល្អ ឬមិនល្អ។
ជាក់ស្តែងនៅពេលខែប្រាំង បញ្ហាចិញ្ចឹមដែលតែងកើតចំពោះសត្វ ដូចជាបញ្ហាប្រកាច់់ ដង្ហក់ ស្រកទំងន់ អស់កំលាំង ទន់ជើងក៏មានដែរ។
ចំណែកបញ្ហាច្រើនកើតចំពោះខែវស្សាវិញ មានដូចជា ផ្តាសាយ ផ្លូវដង្ហើម រាក ជាដើម។
ដូច្នេះហើយដោយមើលឃើញពីបញ្ហា ការដឹងច្បាស់ពីអាកាសធាតុ របបខ្យល់ទាំងរដូវប្រាំង រដូវវស្សា វានឹងជួយអោយបងប្អូនចាត់ចែងការងារ និងគ្រប់គ្រងការចិញ្ចឹមសត្វ ទៅតាមអាកាសធាតុ ទៅតាមរដូវ ដើម្បីធ្វើយ៉ាងណា អោយសត្វ អាចសំរបសំរួលបានជាមួយអាកាសធាតុតាមរដូវកាលទាំងពីរ ដោយការជួយបន្ថែមពីយើងក្នុងគ្រប់គ្រង និងផ្លាស់ប្តូរលក្ខខណ្ឌរស់នៅរបស់សត្វទៅអាកាសធាតុ តាមរដូវកាលទាំងពីរ និងរបបខ្យល់បក់។
សរុបជារួម ការដឹងពីអាកាសធាតុ តាមរដូវកាល របបខ្យល់បក់ក្នុងតំបន់ វានឹងជួយអោយយើងសំរេចចិត្តបានត្រឹមត្រូវចាប់ពីចំណុចដំបូង ចាប់ពី
- ទីតាំងសាងសង់ទ្រុង
- លក្ខណ:សម្បត្តិទ្រុងដែលត្រូវសាងសង់
- ការបំពាក់ឪបករណ៍សំរាប់ប្រើប្រាស់ក្នុងកន្លែងចិញ្ចឹម ដែលអាចឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ
- កំរិតទឹកខែប្រាំង ខែវស្សា
- សំណើមលើដីតាមរដូវកាលទាំងពីរ ជាដើម
@រក្សាសិទ្ធ រស់ ឆាំងគី