កសិករ យឹម យន់ រស់នៅក្នុងភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោយពីបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិមក គាត់មានការចាប់អារម្មណ៍ ហើយក៏បានយកបទពិសោធន៍នោះមកសាកល្បងតាម ។ បច្ចេកទេសដែលគាត់យកមកសាកល្បងនោះ បង្ហាញជូនដូចខាងក្រោម ៖
១.ការរៀបចំទីធ្លា និងទ្រុងមាន់
លោកពូបានរៀបចំទីធ្លាសម្រាប់មាន់ដើរដោយមានទំហំទទឹង១៥ម៉េត្រ និងបណ្ដោយ២០ម៉ែត្រ ។ នៅក្នុងទីធ្លា គាត់រៀបចំធ្វើទ្រុងដែលមានទំហំទទឹង ២ម៉ែត្រ និងបណ្ដោយ៣ម៉ែត្រ ក្រៅពីទ្រុងសម្រាប់មាន់ជ្រកនៅក្នុងទីធ្លា គាត់ធ្វើរណ្ដៅជីកំប៉ុស្ដ៣ទៅ៤កន្លែង សម្រាប់មាន់កាយរកចំណី (សត្វល្អិត) ដើម្បីជួយបង្កើនអាហារប្រូតេអីុន និងមានដាំដើមឈើហួបផ្លែដូចជា ស្វាយ ត្របែក ដូង និងដំណាំចម្រុះមួួយចំនួនដូចជា អំពៅ ដំឡូងមី ត្រកួន រំដេង ដើម្បីផ្ដល់ជាម្លប់ឱ្យមាន់ជ្រក ។
មាន់ដែលគាត់ដាក់ចិញ្ចឹមដំបូងមាន មេមាន់ចំនួន៨ក្បាល ក្រៅពីនោះមានកូនមាន់ សុរបទាំងអស់៤៧ក្បាល ។
២.ប្រភេទចំណី និងរបៀបលាយចំណី
ប្រភេទចំណីដែលដាក់ឱ្យមាន់ស៊ីមាន ស្រូវ២គីឡូក្រាម អង្កាម៤គីឡូក្រាម ស្លឹកកន្ធំថេតលាយជាមួយផ្លែចាស់ៗល្មម១គីឡូក្រាម ទាំងដើមនិងទាំងស្លឹក(ហាន់តូចៗ) ស្លឹកគ្រៃ១ខាំ ស្លឹកឫស្សី១ក្ដាប់មនុស្សចាស់ (១ខាំ) មើមដំឡូងមី០,៥គីឡូក្រាម អំបិល១ខាំ ស្មៅ (រំពាត់ទឹក ស្មៅចិញ្ចៀន ស្មៅក្រវាញជ្រូក) ចំនួន១ក្ដាប់ ។
ចំពោះរបៀបលាយ គាត់បានយកធាតុផ្សំទាំងអស់ខាងលើទៅបុកលាយបញ្ចូលគ្នា ដោយដាក់ទឹកផ្សើមតិចៗ មុននឹងឱ្យមាន់ស៊ី ។ ដើម្បីឱ្យមានអនាម័យ ចំណីត្រូវដាក់ក្នុងស្នូកឱ្យត្រឹមត្រូវ (១ថ្ងៃឱ្យស៊ី៣ដង) ។ ត្រូវលាងស្នូកចំណី១ថ្ងៃម្ដង ដើម្បីកុំឱ្យមានក្លិនផ្អូមនៅជាប់ស្នូក បណ្ដាលឱ្យមាន់មានជំងឺ ។
៣.ការផ្ដល់ទឹក
ទឹកសម្រាប់មាន់ត្រូវដាក់ជាប្រចាំ ។ នៅខែវស្សា ត្រូវដំមើមខ្ទឹមស ខ្ញី ដាក់ត្រាំក្នុងទឹក ចំណែកខែប្រាំងត្រូវដំសម្បកគ សម្បកស្ដៅ និងគល់ស្លឹកគ្រៃ ត្រាំក្នុងស្នូកទឹកដាក់ឱ្យមាន់ផឹកជាប្រចាំ ។ ស្នូកទឹកក៏ត្រូវលាងសម្អាតជារៀងរាល់ថ្ងៃ ហើយ១ថ្ងៃត្រូវដូរទឹកចេញម្ដង ។ ធ្វើរបៀបនេះ មាន់ឈ្នះជំងឺមិនសូវឈឺ ។
៤.ការថែទាំ និងធ្វើអនាម័យ
នៅពេលដែលមាន់ជិតក្រាបពង ត្រូវរៀបចំសម្បុកឱ្យបានល្អ ។ នៅរដូវវស្សា ត្រូវធ្វើសម្បុកឲ្យរាងក្រាស់បន្តិច ដើម្បីឲ្យមានភាពកក់ក្ដៅ នៅរដូវប្រាំង សម្បុកត្រូវធ្វើឲ្យស្ដើង ដើម្បីការពារកុំឲ្យមានកម្ដៅខ្លាំងពេក ។ ដើម្បីការពារស្រមើល គាត់បានយកថ្នាំខ្លាំងដាក់នៅបាតសម្បុក ។
ជាទូទៅ មាន់ក្រាបពងហើយពងមាន់ក៏ញាស់មិនអស់ ដូច្នេះដើម្បីជួយពងមាន់ឱ្យញាស់អស់ ត្រូវឧស្សាហ៍បង្វិលពងមាន់ឱ្យបាន២ដងក្នុង១ថ្ងៃ ដើម្បីឱ្យពងមាន់មានកម្ដៅសព្វ ហើយឆាប់ញាស់ ។ នៅរដូវវស្សា ត្រូវជួសជុលទ្រុងសម្រាប់មាន់ដេកឱ្យជិតកុំឱ្យធ្លុះធ្លាយ ដើម្បីការពារទឹកភ្លៀងប៉ះពាល់ដល់សម្បុក ដែលជាហេតុបណ្ដាលឱ្យពងមិនញាស់ ។
៥.ការពារជំងឺ
ក្នុងការចិញ្ចឹមមាន់ គាត់តែងជួបប្រទះជំងឺសំកុក ឬរួញក ដើម្បីការពារជំងឺនេះ គាត់បានយកគ្រាប់កន្ធំថេតបកសំបកចេញយកទៅបុកឱ្យម៉ដ្ឋ លាយជាមួយទឹកខាប់ៗ មិនឱ្យរាវពេកបញ្ច្រាកឱ្យមាន់ផឹក ១ថ្ងៃ ២ដងទៅ៣ដង (មាន់ទម្ងន់២ខាំ បញ្ច្រក១សេសេ) ។
៦.ចំណាប់អារម្មណ៍របស់លោកពូក្រោយការអនុវត្តបច្ចេកទេសថ្មី
ក្រោយពីបានសាកល្បងបច្ចេកទេសមក លោកពូសង្កេតឃើញថា មាន់មិនមានកើតជំងឺ ឬងាប់ទេ ទោះជានៅរដូវប្រាំងដែលមាន់អ្នកជិតខាងងាប់អស់ក្ដី ។ ចំពោះប្រាក់ចំណូលមានការកើនឡើងច្រើន កាលពីមិនទាន់បានអនុវត្តបច្ចេកទេស គាត់ទទួលបាន ១៧០.០០០រៀល (ឆ្នាំ២០០៤) ក្នុង១ឆ្នាំប៉ុណ្ណោះ (ដាក់ចំនួនមាន់ចិញ្ចឹមមេ៨ក្បាល សរុប៤៧ក្បាលដូចគ្នា) ។ ក្រោយពីបានអនុវត្តតាមបច្ចេកទេសគោលការណ៍ធម្មជាតិនេះមក ប្រាក់ចំណូលមានការកើនឡើងពី ២៥០.០០០រៀល នៅឆ្នាំទី១ ទី២ កើនដល់ ៦២៤.២០០រៀល នេះមិនគិតដល់ការហូបចុក និងចែកឱ្យអ្នកជិតខាងខ្លះផង ។ ក្រោយពីចាប់លក់នៅឆ្នាំទី២ គាត់នៅសល់មាន់ចំនួន ៨៣ក្បាល។ ក្នុង១ឆ្នាំអាចបាប់លក់បាន២ទៅ៣ដង ។
ទន្ទឹមនឹងនេះ លោកពូមានពាក្យផ្ដាំផ្ញើមួយចំនួនថា ដើម្បីអនុវត្តតាមបច្ចេកទេសនេះបាន ត្រូវមានការឧស្សាហ៍ព្យាយាម ជាពិសេសការធ្វើអនាម័យ និងការផ្ដល់ចំណីឱ្យបានទៀងទាត់ ៕
កែសម្រួលដោយ
https://lumieng.blogspot.com/p/blog-page_16.html